ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយក្រុមបេសកកម្មត្រួតពិនិត្យ នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)
នៅថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ និងគម្រោងស្តារ និងគ្រប់គ្រងទន្លេស្វាយចេក (SVAY CHEK)។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារ AFD រួមមាន លោក Laurent Raspaud និងលោកស្រី Alexia HOFMANN ព្រមទាំងក្រុមទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ និងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរជាច្រើនរូប។
ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា អង្គប្រជុំបានពិភាក្សា និងបង្ហាញនូវលទ្ធផល ដោយផ្តោតលើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន៖
១) ប្រសិទ្ធភាពនៃការអនុវត្ត និងមេរៀនបទពិសោធន៍៖ វឌ្ឍនភាពនៃកម្មវិធី WAT4CAM ជំហានទី១ ត្រូវបានវាយតម្លៃថាសម្រេចបានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដែលបានបន្សល់ទុកនូវទុនជាបទពិសោធន៍ និងមេរៀនល្អៗ (Best Practices) សម្រាប់យកទៅបន្តអនុវត្ត និងពង្រីកវិសាលភាពក្នុងគម្រោងស្វាយចេក ឱ្យកាន់តែមានភាពរលូន និងទទួលបានជោគជ័យ។
២) គំរូនៃកិច្ចសហការអន្តរវិស័យ (Nexus Approach)៖ កិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិស័យធនធានទឹក និងវិស័យកសិកម្ម បានក្លាយជាគំរូដ៏ជោគជ័យមួយ (Role Model) ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ផ្សារភ្ជាប់ទៅនឹងការបង្កើនផលិតកម្មកសិកម្ម សម្រាប់ជាទិសដៅអនុវត្តដល់គម្រោងដទៃទៀតនានានៅពេលអនាគត។
៣) សាមគ្គីភាព និងសហប្រតិបត្តិការអន្តរស្ថាប័ន៖ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។
៤) ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៖ គម្រោងនេះបាននិងកំពុងផ្តល់ផលប្រយោជន៍ផ្ទាល់ និងយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជាកសិករនៅតាមជនបទ តាមរយៈការធានាសន្តិសុខទឹក ដែលជាកាតាលីករក្នុងការជំរុញផលិតភាពកសិកម្ម បង្កើតការងារ និងលើកកម្ពស់កម្រិតជីវភាព ព្រមទាំងប្រាក់ចំណូលរបស់គ្រួសារកសិករឱ្យកាន់តែប្រសើរឡើង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាន់ យុត្ថា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ព្រមទាំងការគាំទ្រពីទីភ្នាក់ងារ AFD និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ឱ្យទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ ត្រូវបន្តពង្រឹងគុណភាពការងារ និងជំរុញការងារសេសសល់ឱ្យស្របតាមស្តង់ដារ។ ដោយឡែក អាជ្ញាធរដែនដី សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ ត្រូវបង្កើនការចូលរួមគ្រប់គ្រង និងថែរក្សាប្រព័ន្ធធារាសាស្ត្រក្នុងស្មារតីជាម្ចាស់ ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍យូរអង្វែង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕