Find us at:
Wat4cam
Ministry
EU
AFD
Back to News

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបើកដំណើរការជាផ្លូវការនូវគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ក្រោមការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)

son daraksa

នៅព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកដំណើរការគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងភូមិសាស្ដ្រ​ខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានរយៈពេលអនុវត្ត ៦ឆ្នាំ ដោយទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក Laurent Raspaud តំណាងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារ AFD ប្រចាំកម្ពុជា ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តបន្ទាយមានជ័យ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ និងអង្គភាពគ្រប់គ្រងគម្រោងជាច្រើនរូបទៀត។

សូមជម្រាបថា​ ការអនុវត្តគម្រោងនេះ មានគោលបំណងដោះស្រាយបញ្ហាជលសាស្ត្រ និងឆ្លើយតបទៅនឹងតម្រូវការទឹកក្នុងតំបន់ ដោយផ្ដោតលើការកែលម្អប្រព័ន្ធធារាសាស្ត្រ បង្កើនសមត្ថភាពស្តុកទឹក និងកាត់បន្ថយហានិភ័យទឹកជំនន់ ព្រមទាំងលើកកម្ពស់អភិបាលកិច្ចទឹកឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ គម្រោងនឹងជំរុញកសិកម្មឆ្លាតវៃដើម្បីបង្កើនប្រាក់ចំណូលកសិករ ដោយផ្អែកលើគោលការណ៍ «ដំណោះស្រាយផ្អែកលើធម្មជាតិ (NbS)» ដើម្បីធានាចីរភាពបរិស្ថាន និងតុល្យភាពប្រព័ន្ធអេកូឡូស៊ីយូរអង្វែង។

យោងតាមលទ្ធផលនៃការសិក្សាបឋម អាងស្ទឹងស្វាយចេកបាននិងកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា ការរំខាននៃលំហូរទឹកពីផ្នែកខាងលើ ស្ថានភាពអាងស្តុកទឹកមានភាពទ្រុឌទ្រោម និងសំណង់កាត់ស្ទឹងមិនទាន់ស្របតាមបច្ចេកទេស ដែលបង្កជាគ្រោះទឹកជំនន់ និងភាពរាំងស្ងួតជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន សមត្ថភាពស្តុកទឹកក្នុងអាងមានត្រឹមតែ ១៨ លានម៉ែត្រគូប ខណៈដែលតម្រូវការជាក់ស្តែងសម្រាប់កសិកម្ម និងការប្រើប្រាស់ទូទៅមានរហូតដល់ ១៥៥ លានម៉ែត្រគូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ អង្គភាពគ្រប់គ្រងគម្រោង និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ គម្រោងនេះនឹងក្លាយជាសមិទ្ធផលដ៏សំខាន់សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ដែលជាតំបន់ធ្លាប់រងគ្រោះដោយសារធម្មជាតិ និងផលវិបាកនៃសង្គ្រាមស៊ីវិលនាពេលកន្លងមក៕